30. នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ អ្នកនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ
31. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
32. «ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ?
33. តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ?
34. តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ?
35. អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ។