4. ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើងជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។
5. នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូននិងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ពួកគេ។
6. សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយហើយឲ្យគេកើនចំនួនច្រើនឡើង!។
7. ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា:ព្រះអម្ចាស់អើយសូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់យូដាសូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញសូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួនហើយសូមព្រះអង្គជួយយូដាក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
8. ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា:ព្រះអង្គបានប្រគល់ធូមីម និងយូរីម*ទៅឲ្យកូនចៅលេវីជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គបន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសាព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
9. ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយបងប្អូន និងកូនចៅរបស់ខ្លួនទៅទៀតដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
10. ពួកគេបង្រៀនវិន័យរបស់ព្រះអង្គដល់កូនចៅលោកយ៉ាកុបពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែលពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។
11. ឱព្រះអម្ចាស់អើយសូមប្រទានឲ្យពួកគេមានកម្លាំងសូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេសូមឲ្យអស់អ្នកដែលស្អប់ពួកគេត្រូវបរាជ័យ ងើបលែងរួច!។