4. ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្ដី ក៏ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។
5. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។
6. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ថ្វាយចិត្តគំនិតដល់ព្រះអង្គ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
7. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យបណ្ដាសាទាំងនេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់អ្នក ព្រមទាំងអស់អ្នកដែលស្អប់ និងបៀតបៀនអ្នក។
8. រីឯអ្នកវិញ អ្នកនឹងវិលមករកព្រះអម្ចាស់ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។
9. ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គនឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នកនឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានឲ្យអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។