17. ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល ដែលនៅខាងកើតជើងភ្នំពីសកា។
18. នៅគ្រានោះ ខ្ញុំបានបង្គាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រគល់ស្រុកនេះមកអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាកាន់កាប់ទឹកដីនេះហើយ។ ដូច្នេះ អ្នកទាំងអស់គ្នាដែលជាទាហានដ៏អង់អាច ត្រូវប្រដាប់អាវុធដើរនៅមុខជនជាតិអ៊ីស្រាអែលឯទៀតៗ ដែលជាបងប្អូនរបស់អ្នករាល់គ្នា។
19. ត្រូវទុកប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា នៅក្នុងក្រុងនានាដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា -ខ្ញុំដឹងថាអ្នករាល់គ្នាមានហ្វូងសត្វដ៏ច្រើន។
20. ពេលណាព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះ ទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។
21. នៅគ្រានោះ ខ្ញុំបានបញ្ជាទៅលោកយ៉ូស្វេថា “អ្នកបានឃើញផ្ទាល់នឹងភ្នែក អំពីការដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះស្ដេចទាំងពីរនេះស្រាប់ហើយ ព្រះអម្ចាស់ក៏នឹងប្រព្រឹត្តចំពោះនគរទាំងប៉ុន្មានទៀត ដែលអ្នកត្រូវទៅវាយយកយ៉ាងនោះដែរ។
22. កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងច្បាំងដើម្បីអ្នករាល់គ្នា”»។
23. «នៅគ្រានោះ ខ្ញុំទូលអង្វរព្រះអម្ចាស់ថា:
24. “បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពឧត្ដុង្គឧត្ដម និងឫទ្ធិបារមីរបស់ព្រះអង្គ ដ្បិតគ្មានព្រះណានៅលើមេឃ ឬនៅលើផែនដី អាចសម្តែងការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដូចព្រះអង្គទេ។