63. ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកម្ទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
64. ព្រះអម្ចាស់នឹងកំចាត់កំចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។
65. ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសម្រាកដែរ។ ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នកពុំបានស្ងប់ ឲ្យភ្នែករបស់អ្នកស្រវាំង ហើយឲ្យចិត្តគំនិតរបស់អ្នកឈឺចាប់។
66. ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសម្រាប់អ្នកទៀតឡើយ។