13. តែត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះទៅឲ្យគេវិញ មុនពេលថ្ងៃលិច ដើម្បីឲ្យគេមានអាវដណ្ដប់នៅពេលយប់ ព្រមទាំងឲ្យពរអ្នកទៀតផង។ ការប្រព្រឹត្តដូច្នេះជាអំពើមួយដ៏សុចរិត ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
14. មិនត្រូវជិះជាន់កម្មករក្រីក្រ ហើយកំសត់ទុគ៌តឡើយ ទោះបីអ្នកនោះជាជនរួមជាតិរបស់អ្នក ឬជាជនបរទេសដែលរស់នៅក្នុងស្រុករបស់អ្នកក្ដី។
15. ត្រូវបើកប្រាក់ប្រចាំថ្ងៃឲ្យគេមុនពេលថ្ងៃលិច ដ្បិតគ្នាជាជនក្រីក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ប្រសិនបើគេមិនបានទទួលប្រាក់ទេ ពេលគេទូលអង្វរព្រះអម្ចាស់ប្រឆាំងនឹងអ្នក នោះអ្នកមុខជាធ្វើឲ្យខ្លួនឯងមានបាបមិនខាន។
16. មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត។
17. មិនត្រូវរំលោភលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយទុកជាវត្ថុបញ្ចាំដែរ។
18. ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះ ឲ្យអ្នកប្រព្រឹត្តតាម។
19. ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយអ្នកភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះកុំវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្ត្រីមេម៉ាយរើស ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
20. ពេលណាអ្នកបេះផ្លែអូលីវរួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។