22. ព្រះអម្ចាស់ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកម្ទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្ដេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។
23. ជនជាតិអាវីមដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ថោរ ចេញមកពីស្រុកកាប់ថោរ កម្ទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។
24. “ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ!
25. ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
26. «ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានក្ដេម៉ូត ឲ្យទៅជួបព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន ដើម្បីទូលស្ដេចដោយសម្រួល គឺខ្ញុំឲ្យគេទូលថា:
27. “យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្ដាំ ឬទៅឆ្វេងទេ។