7. បន្ទាប់មក ពួកគេចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់គុតកូថា ហើយចេញពីគុតកូថា ឆ្ពោះទៅកាន់យ៉ុតបាថា ជាស្រុកដែលមានទឹកអូរច្រើន។
8. នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ឲ្យពួកគេបម្រើព្រះអង្គ និងជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
9. ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក មានព្រះបន្ទូលប្រាប់ពួកគេ។
10. «ខ្ញុំស្ថិតនៅលើភ្នំចំនួនសែសិបថ្ងៃ សែសិបយប់ដូចពីមុន។ ព្រះអម្ចាស់យល់ព្រមស្ដាប់តាមពាក្យទូលអង្វររបស់ខ្ញុំសាជាថ្មី ព្រះអង្គមិនចង់បំផ្លាញអ្នកទេ។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរក្រោកឡើង ដើរនាំមុខប្រជាជននេះ។ ចូរឲ្យពួកគេចូលកាន់កាប់ទឹកដី ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថា នឹងប្រគល់ឲ្យពួកគេ”»។
12. ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
13. ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកកាន់តាមបទបញ្ជា និងច្បាប់ផ្សេងៗរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។
14. ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
15. ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។
16. ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសឲ្យសោះ