7. ដូច្នេះ ចូរនាំគ្នាចេញដំណើរទៅមុខទៀត ឆ្ពោះទៅស្រុកភ្នំរបស់ជនជាតិអាម៉ូរី និងតំបន់ទាំងប៉ុន្មាននៅជុំវិញ ព្រមទាំងតំបន់អារ៉ាបា តំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប តំបន់ឆ្នេរសមុទ្រ ស្រុកកាណាន ស្រុកលីបង់ រហូតដល់ទន្លេធំ គឺទន្លេអឺប្រាត។
8. មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាព្រះអម្ចាស់បានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
9. នៅគ្រានោះ ខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាថា “ខ្លួនខ្ញុំតែម្នាក់ពុំអាចទទួលខុសត្រូវលើអ្នករាល់គ្នាទេ។
10. ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យអ្នករាល់គ្នាកើនចំនួនឡើង ហើយសព្វថ្ងៃ អ្នករាល់គ្នាមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។