ដានី‌យ៉ែល 5:5-11 Khmer Standard Version (KHSV)

5. ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះ‌បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះ‌រាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ

6. ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ប្រែ​ជា​ស្លេក‌ស្លាំង ទ្រង់​រំជួល​ព្រះ‌ហឫទ័យ មាន​ព្រះ‌កាយ​ពល​ទន់​ខ្សោយ និង​ព្រះ‌បាទា​ញាប់‌ញ័រ។

7. ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

8. ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌រាជា​បាន​ឡើយ

9. ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះចៅ​បេលសា‌សារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

10. ពេល​ព្រះ‌មហា‌ក្សត្រិ‌យានី​ឮ​រាជ‌ឱង្ការ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះ‌នាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះ‌ករុណា​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ!

11. ក្នុង​រាជា‌ណាចក្រ​របស់​ព្រះ‌អង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះ‌បិតា​របស់​ព្រះ‌ករុណា គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា ដូច​ទេវតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះ‌មហា‌ក្សត្រ​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ដូច្នេះ

ដានី‌យ៉ែល 5