4. កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5. ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ
6. ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។
7. ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។
8. ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ
9. ជាហេតុធ្វើឲ្យព្រះចៅបេលសាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ទាល់គំនិតដែរ។
10. ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជា សូមទ្រង់ដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ!