10. ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជា សូមទ្រង់ដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ!
11. ក្នុងរាជាណាចក្ររបស់ព្រះអង្គ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់ព្រះបិតារបស់ព្រះករុណា គេបានឃើញថា លោកនោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចទេវតា។ ហេតុនេះហើយបានជាព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ព្រះមហាក្សត្រដែលជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកដូច្នេះ
12. ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីយ៉ែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីយ៉ែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។
13. គេអញ្ជើញលោកដានីយ៉ែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីយ៉ែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ?
14. យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។