11. តាមបញ្ជានេះ អ្នកណាមិនអោនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
12. បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។
13. ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្ដេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំលោកទាំងបីមកគាល់ស្ដេច។
14. ព្រះចៅនេប៊ូក្នេសាមានព្រះរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ?
15. ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង អស់លោកត្រូវតែអោនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងឡើយ!»។