5. ព្រះមហាក្សត្របញ្ជាគេឲ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។
6. ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។
7. លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។
8. យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។
9. ព្រះជាម្ចាស់ប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។
10. លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតម្រូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។
11. យុវជនដានីយ៉ែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានា មីសាអែល និងអសារាថា៖