3. ព្រះមហាក្សត្របានបញ្ជាទៅលោកអាសផ្នាស ជានាយកក្រុមមហាតលិក ឲ្យនាំយុវជនខ្លះដែលជាប់ព្រះរាជវង្សរបស់ស្ដេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។
4. យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើព្រះមហាក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។
5. ព្រះមហាក្សត្របញ្ជាគេឲ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។
6. ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។
7. លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។
8. យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។
9. ព្រះជាម្ចាស់ប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។
10. លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតម្រូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។