5. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
6. «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបរិសុទ្ធ។
7. អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាបលើពួកគេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។
8. បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្ដលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើយញ្ញបូជារំដោះបាប។
9. ចូរនាំពួកលេវីឲ្យចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្ដុំសហគមន៍អ៊ីស្រាអែលទាំងមូល។
10. ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។
11. អើរ៉ុនត្រូវធ្វើពិធីញែកពួកលេវី ទុកជាតង្វាយដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយយើង ដើម្បីឲ្យបម្រើយើង។
12. ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវថ្វាយគោមួយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
13. បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើង។