1. ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
2. ពួកនាងចូលមកជួបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖
3. «ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។
4. មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5. លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។