8. លោកបាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាម។
9. ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។
10. លោកបាឡាមទូលព្រះជាម្ចាស់ថា៖ «ស្ដេចបាឡាក់ ជាបុត្ររបស់ស្ដេចស៊ីបព័រដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា
11. “មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ និងបណ្តេញពួកគេបាន”»។