ជន‌គណនា 21:24-28 Khmer Standard Version (KHSV)

24. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។

25. ជន‌ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។

26. ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អើណូន។

27. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ចូរ​នាំ​គ្នា​មក​ហែស‌បូន!ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុនហើយ​រៀប‌ចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ!

28. ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូនអណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុនឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើណូន។

ជន‌គណនា 21