4. ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ព្រះអម្ចាស់ឲ្យមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ?
5. ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។
6. លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញ។
7. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
8. «ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។