25. លោកម៉ូសេក្រោកឡើង ដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ដោយមានពួកព្រឹទ្ធាចារ្យដើរតាមក្រោយផង។
26. លោកមានប្រសាសន៍ទៅកាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញឲ្យឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។
27. ប្រជាជនក៏ថយចេញឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។
28. លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!
29. ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ពុំបានចាត់ខ្ញុំឲ្យមកទេ។