15. កុលសម្ព័ន្ធកាដ គឺលោកកេអួល ជាកូនរបស់លោកម៉ាគី។
16. នេះហើយជាឈ្មោះរបស់អស់អ្នកដែលលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុក។ លោកម៉ូសេបានដាក់ឈ្មោះលោកហូសេ ជាកូនរបស់លោកនូនថា យ៉ូស្វេ។
17. លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។
18. ចូរសង្កេតមើលថា តើស្រុកនោះមានលក្ខណៈដូចម្ដេច តើប្រជាជនដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែ ឬខ្សោយ ពួកគេមានគ្នាតិច ឬច្រើន។
19. តើស្រុកដែលពួកគេរស់នៅនោះ ល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។