26. ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្ការ ទំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្ដេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។
27. លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។
28. ចាប់ពីពេលនោះមក ជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រាអែល មិនអាចងើបមុខឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។
29. លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។