17. លោកបានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។
18. បន្ទាប់មក លោកគេឌានសួរទៅស្ដេចសេបាស និងស្ដេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្ដេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្ដេច»។
19. លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។
20. បន្ទាប់មក លោកបង្គាប់ទៅយេធើរ ជាកូនច្បងរបស់លោកថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាច ដោយខ្លួននៅក្មេងពេក។
21. ស្ដេចសេបា និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។
22. ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន»។
23. លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។
24. លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។
25. ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។