ចៅហ្វាយ 4:13-19 Khmer Standard Version (KHSV)

13. លោក​ស៊ី‌សេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូ‌សេត‌កូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។

14. ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។

15. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​ស៊ី‌សេ‌រ៉ា ព្រម​ទាំង​រទេះ​ចំបាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ី‌សេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចំបាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។

16. លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចំបាំង និង​កង‌ទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ី‌សេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។

17. រីឯ​លោក​ស៊ីសេ‌រ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។

18. ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ី‌សេ‌រ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេ‌រ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្នុង​ភួយ។

19. ខណៈ​នោះ លោក​ស៊ី‌សេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ី‌សេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។

ចៅហ្វាយ 4