8. នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ។ ប៉ុន្តែ ឪពុកក្មេកនិយាយទៅគាត់ថា៖ «សូមកូនបរិភោគអាហារសិន ចាំដល់ថ្ងៃជ្រេសឹមចេញដំណើរទៅចុះ»។ ដូច្នេះ គេក៏នាំគ្នាបរិភោគ។
9. នៅពេលដែលបុរសលេវីចង់ចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះជ្រុលពេលហើយ ហើយថ្ងៃក៏ជិតលិចដែរ ចូរនាំគ្នាសម្រាកលេងទីនេះទៅ។ ចាំស្អែក សឹមក្រោកពីព្រលឹម ហើយចេញដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញចុះ»។
10. ប៉ុន្តែម្ដងនេះ បុរសលេវីប្រកែកពុំព្រមនៅទៀតទេ។ គាត់ក្រោកឡើងចេញដំណើរជាមួយប្រពន្ធចុង ព្រមទាំងសត្វលាទាំងពីររបស់គាត់ ដែលមានចងកែបរួចជាស្រេចនោះដែរ។ ពួកគេមកដល់កន្លែងមួយ នៅទល់មុខនឹងក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹម។
11. ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
12. ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។