21. ពួកគេបន្តដំណើរទៅមុខទៀត ដោយឲ្យក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់គេទៅមុន។
22. លុះពួកគេចាកចេញពីផ្ទះលោកមីកាទៅបានឆ្ងាយបន្តិច ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម។
23. ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។
24. លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។
25. កូនចៅដាន់នាំគ្នាតបទៅគាត់វិញថា៖ «កុំមកតវ៉ាជាមួយយើង ក្រែងលោមានគ្នាយើងខ្លះក្ដៅក្រហាយ ហើយវាយប្រហារអ្នក ធ្វើឲ្យអ្នក និងក្រុមគ្រួសារអ្នកត្រូវវិនាស»។
26. បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខទៀត។ ដោយលោកមីកាឃើញថាពួកគេខ្លាំងពូកែជាង នោះគាត់ក៏បកក្រោយ វិលត្រឡប់ទៅផ្ទះវិញ។
27. ក្រោយពីដណ្ដើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។
28. ឡាអ៊ីសជាក្រុងដែលស្ថិតនៅក្នុងជ្រលងភ្នំបេត-រេហូប ឆ្ងាយពីក្រុងស៊ីដូន ហើយអ្នកក្រុងនោះពុំមានទំនាក់ទំនងជាមួយនរណាទេ ហេតុនេះហើយបានជាគ្មាននរណាមកជួយពួកគេឡើយ។ កូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយក៏តាំងទីលំនៅនៅទីនោះទៅ។
29. ពួកគេប្ដូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់លោកយ៉ាកុប។