5. លោកសាំសុនក៏ធ្វើដំណើរទៅធីមណាជាមួយឪពុកម្ដាយលោក។ លុះទៅដល់ត្រង់ចម្ការទំពាំងបាយជូរក្បែរធីមណា ស្រាប់តែមានសត្វសិង្ហស្ទាវមួយហក់មកលើលោកសាំសុន ទាំងគ្រហឹម។
6. រំពេចនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់មកសណ្ឋិតលើលោក លោកក៏ចាប់ហែកសិង្ហនោះដោយដៃ ដូចគេហែកកូនពពែ។ លោកមិនបានរៀបរាប់ហេតុការណ៍នេះប្រាប់ឪពុកម្ដាយទេ។
7. លោកក៏បន្តដំណើរទៅដល់ធីមណា រួចនិយាយជាមួយស្ត្រីក្រមុំភីលីស្ទីននោះ លោកពេញចិត្តនឹងនាងណាស់។
8. ប៉ុន្មានថ្ងៃក្រោយមក លោកក៏ត្រឡប់មកធីមណាវិញ ដើម្បីរៀបការជាមួយនាង។ តាមផ្លូវលោកឆៀងចូលទៅមើលខ្មោចសិង្ហ ហើយឃើញសំបុកឃ្មុំនៅក្នុងខ្មោចសត្វនោះ ដែលមានទឹកឃ្មុំពេញ។
9. លោកបេះឃ្មុំកាន់នៅដៃ ដើរបណ្ដើរបរិភោគបណ្ដើរ ហើយពេលជួបឪពុកម្ដាយ លោកក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា លោកយកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។
10. ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។
11. ពេលជនជាតិភីលីស្ទីនឃើញលោក គេក៏ជ្រើសរើសយុវជនសាមសិបនាក់ ឲ្យមកកំដរលោក។
12. លោកសាំសុនពោលទៅកាន់ពួកអ្នកកំដរថា៖ «ខ្ញុំមានប្រស្នាមួយសម្រាប់អ្នករាល់គ្នា ប្រសិនបើអ្នកណាដោះស្រាយរួច ក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នេះ ខ្ញុំនឹងជូនអាវសាមសិប និងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យសាមសិបបន្លាស់ថែមទៀត។