8. លោកម៉ាណូអាក៏ទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់មេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។
9. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះជាម្ចាស់ក៏មកជួបនឹងស្ត្រីនោះម្ដងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចម្ការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់គាត់ មិនបាននៅជាមួយទេ។
10. គាត់ក៏ប្រញាប់ប្រញាល់រត់ទៅជម្រាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំ ពីថ្ងៃមុនអញ្ជើញមកទៀតហើយ!»។
11. លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរស ហើយពោលថា៖ «តើលោកឬ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
12. លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសម្រេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។
13. ទេវតារបស់ព្រះអម្ចាស់តបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់
14. នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនបរិសុទ្ធដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានប្រាប់»។
15. លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។
16. ទេវតាឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថាជាទេវតារបស់ព្រះអម្ចាស់ទេ
17. គាត់ក៏សួរថា៖ «តើលោកឈ្មោះអី សូមមេត្តាប្រាប់ឲ្យយើងខ្ញុំស្គាល់ផង ដើម្បីឲ្យយើងខ្ញុំអាចដឹងគុណលោក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់លោក»។
18. ទេវតាតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។
19. បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្ម ថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ