32. លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។
33. លោកយែបថាបានវាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
34. ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
35. កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្ដីនោះវិញទេ»។
36. នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។
37. នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។