កូឡូស 1:24-29 Khmer Standard Version (KHSV)

24. ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង‌ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ដ សម្រាប់​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដែល​ជា​ក្រុម‌ជំនុំ*។

25. ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង‌ប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​សព្វ​គ្រប់។

26. នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​ស្គាល់។

27. ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នេះ ស្គាល់​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រិស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

28. ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ។

29. ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។

កូឡូស 1