25. ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថា នឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន
26. គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។
27. សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
28. គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅ សាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថា មានជម្រៅ ម្ភៃប្រាំបីម៉ែត្រ។
29. ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។