1. ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖
2. «បពិត្រព្រះរាជា ទូលបង្គំមានកិត្តិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ
3. ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។