34. ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
35. ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយឲ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត* ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។
36. ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ*មកប្រាប់គេ អំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រិស្ដ* គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
37. បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។