10. ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
11. ពាក្យនេះគួរឲ្យជឿ បើយើងបានស្លាប់ជាមួយព្រះអង្គ នោះយើងក៏នឹងរស់ជាមួយព្រះអង្គដែរ
12. បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ
13. ទោះជាយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅតែស្មោះត្រង់ ដ្បិតព្រះអង្គមិនអាចបដិសេធខ្លួនឯងបានទេ។
14. ចូររំលឹកពួកគេពីសេចក្ដីទាំងនេះ ហើយដាស់តឿនពួកគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះជាម្ចាស់កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ដ្បិតគ្មានប្រយោជន៍ឡើយ មានតែធ្វើឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។
15. ចូរខិតខំដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ទុកជាអ្នកខ្ជាប់ខ្ជួន គឺជាអ្នកធ្វើការដែលមិនខ្មាស់អៀន ទាំងបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ
16. រួចត្រូវចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ដ្បិតសំដីទាំងនោះធ្វើឲ្យការមិនកោតខ្លាចព្រះជាម្ចាស់កាន់តែច្រើនឡើងថែមទៀត
17. ពាក្យសំដីរបស់ពួកគេនឹងស៊ីរូងដូចជាដំបៅមហារីក ហើយក្នុងចំណោមអ្នកទាំងនោះមានលោកហ៊ីមេនាស និងលោកភីលេត
18. ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។