9. ប៉ុន្ដែយើងមានទោសប្រហារជីវិតជាប់ខ្លួន ដើម្បីកុំឲ្យយើងទុកចិត្តលើខ្លួនឯងឡើយ គឺឲ្យទុកចិត្តលើព្រះជាម្ចាស់ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
10. ព្រះអង្គបានសង្គ្រោះយើងពីសេចក្ដីស្លាប់ដ៏ធំសម្បើម ហើយនឹងសង្គ្រោះយើងទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គក៏នឹងនៅតែសង្គ្រោះដែរ។
11. អ្នករាល់គ្នាក៏រួមចំណែកជួយយើងដែរតាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្សជាច្រើនអរព្រះគុណជំនួសយើង សម្រាប់អំណោយទានដែលបានផ្ដល់ឲ្យយើង។
12. មោទនភាពរបស់យើងគឺបែបនេះ មនសិការរបស់យើងធ្វើបន្ទាល់ថា យើងមានអាកប្បកិរិយាក្នុងពិភពលោកនេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនមែនដោយសារប្រាជ្ញាខាងសាច់ឈាមទេ ប៉ុន្ដែដោយសារព្រះគុណរបស់ព្រះជាម្ចាស់វិញ ជាពិសេសចំពោះអ្នករាល់គ្នា។
13. យើងមិនសរសេរអ្វីផ្សេងមកអ្នករាល់គ្នាទេ លើកលែងតែអ្វីដែលអ្នករាល់គ្នាអាចអាន ឬអាចយល់បានប៉ុណ្ណោះ
14. ដូចដែលអ្នករាល់គ្នាបានស្គាល់យើងខ្លះហើយ ប៉ុន្ដែនៅថ្ងៃរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់សព្វគ្រប់ថា យើងជាមោទនភាពរបស់អ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ជាមោទនភាពរបស់យើងយ៉ាងនោះដែរ។
15. ដោយការទុកចិត្ដដូច្នេះហើយ បានជាខ្ញុំមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង
16. ហើយទៅស្រុកម៉ាសេដូនដោយឆ្លងកាត់អ្នករាល់គ្នា រួចសឹមត្រលប់ពីស្រុកម៉ាសេដូនមកជួបអ្នករាល់គ្នាម្ដងទៀត ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅស្រុកយូដា។
17. ពេលខ្ញុំសម្រេចចិត្ដដូច្នេះ តើខ្ញុំធ្វើដោយខ្ជីខ្ជាឬ? ឬមួយអ្វីដែលខ្ញុំសម្រេចចិត្ដ ខ្ញុំសម្រេចចិត្ដតាមសាច់ឈាម បានជាខ្ញុំ «បាទ»ផង «ទេ»ផង ដូច្នេះ?
18. ប៉ុន្ដែព្រះជាម្ចាស់ស្មោះត្រង់ បានជាពាក្យសំដីរបស់យើងទៅកាន់អ្នករាល់គ្នាមិនមែនបាទផង ទេផងនោះទេ
19. ដ្បិតព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលពួកយើង មានខ្ញុំ លោកស៊ីលវ៉ាន និងលោកធីម៉ូថេបានប្រកាសក្នុងចំណោមអ្នករាល់គ្នា នោះមិនមែនបាទផង ទេផងនោះទេ គឺនៅក្នុងព្រះអង្គមានតែបាទប៉ុណ្ណោះ
20. ដ្បិតសេចក្ដីសន្យាទាំងឡាយរបស់ព្រះជាម្ចាស់សុទ្ធតែជា «បាទ» នៅក្នុងព្រះអង្គ ដូច្នេះហើយបានជាយើងថា «អាម៉ែន»ដែរ តាមរយៈព្រះអង្គសម្រាប់សិរីរុងរឿងរបស់ព្រះជាម្ចាស់។
21. គឺព្រះជាម្ចាស់ហើយដែលបានចាក់ប្រេងតាំង ព្រមទាំងធ្វើឲ្យយើងនៅខ្ជាប់ខ្ជួនជាមួយអ្នករាល់គ្នាក្នុងព្រះគ្រិស្ដ
22. ព្រះអង្គបានបោះត្រាលើយើង ព្រមទាំងប្រទានព្រះវិញ្ញាណមកក្នុងចិត្ដរបស់យើងទុកជារបស់បញ្ចាំចិត្ដ។
23. ខ្ញុំសុំព្រះជាម្ចាស់ធ្វើជាសាក្សីអំពីចិត្ដរបស់ខ្ញុំថា ដែលខ្ញុំមិនមកក្រុងកូរិនថូសទៀត គឺដើម្បីអត់ឱនឲ្យអ្នករាល់គ្នា
24. មិនមែនយើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាទេ ប៉ុន្ដែយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា សម្រាប់អំណររបស់អ្នករាល់គ្នាវិញ ព្រោះអ្នករាល់គ្នាបានឈរមាំមួនដោយជំនឿរួចហើយ។