13. ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។
14. ក្មេងរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះវរបិតាហើយ។ ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។
15. កុំស្រឡាញ់លោកិយ ឬអ្វីៗនៅក្នុងលោកិយនេះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ។
16. ដ្បិតអ្វីៗទាំងអស់នៅក្នុងលោកិយ ដូចជាសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតនៅក្នុងជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកិយវិញ
17. ហើយលោកិយ និងសេចក្ដីប៉ងប្រាថ្នារបស់លោកិយនេះកំពុងរលាយបាត់ទៅ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងរបស់ព្រះជាម្ចាស់នឹងស្ថិតនៅអស់កល្បជានិច្ច។