វិវរណៈ 12:7-13 Khmer Christian Bible (KCB)

7. ពេល​នោះ​មាន​ចំបាំង​កើត​ឡើង​នៅ​លើ​មេឃ​ គឺ​មីកែល​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ ហើយ​នាគ​ និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ​

8. ប៉ុន្ដែ​ពួកវា​មិន​បាន​ឈ្នះ​ទេ​ ហើយ​ក៏​មិន​ឃើញ​មាន​កន្លែង​ណា​សម្រាប់​ពួកវា​នៅ​លើ​មេឃ​ទៀត​ដែរ​

9. នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​

10. រួច​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ «ឥឡូវ​នេះ​ សេចក្ដី​សង្គ្រោះ​ អំណាច​ និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង​ ព្រមទាំង​សិទ្ធិ​អំណាច​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ​ ដ្បិត​អ្នក​ចោទ​ប្រកាន់​បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​វា​នោះ​ហើយ​ដែល​ចោទ​ប្រកាន់​ពួក​គេ​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង​ទាំង​យប់​ទាំង​ថ្ងៃ។​

11. ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​

12. ហេតុ​នេះ​ ឱ​ស្ថានសួគ៌​ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ប៉ុន្ដែ​វេទនា​ដល់​ផែនដី​ និង​សមុទ្រ​វិញ​ ព្រោះ​អារក្ស​សាតាំង​បាន​ចុះ​មក​ឯ​អ្នក​រាល់គ្នា​ ទាំង​មាន​កំហឹង​ជា​ខ្លាំង​ ដោយ​ដឹង​ថា​ វា​មាន​ពេល​វេលា​តែ​បន្ដិច​ទេ»។​

13. នៅ​ពេល​នាគ​ឃើញ​ថា​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ​ វា​ក៏​បៀតបៀន​ស្រ្ដី​ដែល​បាន​សម្រាល​កូន​ប្រុស​នោះ។​

វិវរណៈ 12