21. ប៉ុន្ដែ ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «អ្នកណាដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម អ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
22. នៅថ្ងៃមួយ ព្រះអង្គបានយាងចុះទូកជាមួយពួកសិស្ស និងបានមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងបឹងទៅត្រើយម្ខាង»។ ពួកគេក៏ចេញទូកទៅ។
23. កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។
24. ពួកគេបានចូលមកជិតដាស់ព្រះអង្គថា៖ «លោកគ្រូ! លោកគ្រូ! យើងកំពុងតែវិនាសហើយ» ព្រះអង្គក៏ភ្ញាក់ឡើង បន្ទោសខ្យល់ និងទឹករលក ហើយវាក៏ឈប់ រួចក៏ស្ងប់ទៅ។
25. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើជំនឿរបស់អ្នករាល់គ្នានៅឯណា?» ពួកគេក៏នឹកអស្ចារ្យ ទាំងកោតខ្លាច និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា បានជាសូម្បីតែខ្យល់ និងទឹកស្ដាប់បង្គាប់លោក ពេលលោកបញ្ជា?»
26. ពួកគេក៏ឆ្លងទូកមកដល់តំបន់របស់ពួកគេរ៉ាស៊ីន ដែលនៅទល់មុខស្រុកកាលីឡេ។
27. កាលព្រះអង្គឡើងលើគោក ក៏បានជួបនឹងបុរសម្នាក់មកពីក្រុងនោះ ដែលមានអារក្សចូល និងមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះអស់រយៈពេលយូរមកហើយ គាត់មិនបានរស់នៅក្នុងផ្ទះទេ គឺនៅតែតាមផ្នូរខ្មោចប៉ុណ្ណោះ។
28. ពេលឃើញព្រះយេស៊ូ គាត់ក៏ក្រាបនៅពីមុខព្រះអង្គ និងបានស្រែកទូលដោយសំឡេងខ្លាំងៗថា៖ «ឱព្រះយេស៊ូ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើខ្ញុំ និងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? ខ្ញុំសូមអង្វរព្រះអង្គ កុំធ្វើទារុណកម្មខ្ញុំអី»។
29. ដ្បិតព្រះអង្គបានបង្គាប់វិញ្ញាណអាក្រក់ឲ្យចេញពីបុរសនោះ ព្រោះវាបានសណ្ឋិតក្នុងគាត់ច្រើនលើកហើយ ដូច្នេះទោះបីគេយាមគាត់ទាំងដាក់ខ្នោះជើង និងដាក់ច្រវាក់ក៏ដោយ ក៏គាត់នៅតែផ្ដាច់ចំណងទាំងអស់នោះខ្ទេច ហើយអារក្សបាននាំគាត់ទៅទីរហោឋាន។