26. ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត
27. ដ្បិតអ្នកនេះហើយដែលមានសេចក្ដីចែងទុកអំពីគាត់ថា មើល៍ យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដែលជាអ្នករៀបចំដំណើររបស់អ្នកជាមុន។
28. ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ដ្រីមក គ្មានអ្នកណាវិសេសជាងលោកយ៉ូហានទេ ប៉ុន្ដែអ្នកតូចជាងគេនៅក្នុងនគរព្រះជាម្ចាស់វិសេសជាងគាត់ទៅទៀត»។
29. ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
30. ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។
31. «ដូច្នេះតើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី ហើយពួកគេប្រៀបបាននឹងមនុស្សបែបណា?
32. ពួកគេប្រៀបបានដូចជាក្មេងៗដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ
33. ដ្បិតលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនបរិភោគអាហារ មិនផឹកស្រាទំពាំងបាយជូរ តែអ្នករាល់គ្នានិយាយថា គាត់មានអារក្សចូល
34. ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប
35. ប៉ុន្ដែប្រាជ្ញាត្រូវបានបញ្ជាក់ថាត្រឹមត្រូវដោយសារផលផ្លែវាទាំងអស់»។
36. មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។
37. ហើយមើល៍ នៅក្រុងនោះមានស្ដ្រីម្នាក់ជាមនុស្សបាប ហើយកាលបានដឹងថា ព្រះយេស៊ូកំពុងអង្គុយនៅតុអាហារក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ី នាងក៏យកប្រេងក្រអូបមួយដបមក
38. និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។
39. កាលអ្នកខាងគណៈផារិស៊ីដែលបានអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏គិតក្នុងចិត្ដថា៖ «បើលោកនេះជាអ្នកនាំព្រះបន្ទូលមែនលោកមុខជាដឹងថា ស្ដ្រីដែលកំពុងពាល់លោកជានរណា និងជាស្ដ្រីបែបណាហើយ ព្រោះនាងជាមនុស្សបាប»។
40. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ស៊ីម៉ូនអើយ! ខ្ញុំមានរឿងមួយប្រាប់អ្នក»។ គាត់ទូលថា៖ «សូមលោកគ្រូនិយាយមកចុះ»។
41. «មានកូនបំណុលពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ គឺម្នាក់ជំពាក់ប្រាំរយឌេណារី ហើយម្នាក់ទៀតហាសិបឌេណារី