16. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់»
17. រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ
18. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។
19. បន្ទាប់មកព្រះអង្គយកនំប៉័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។
20. ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា
21. ប៉ុន្ដែមើល៍ ដៃរបស់អ្នកក្បត់ខ្ញុំ ក៏ដាក់នៅលើតុអាហារជាមួយខ្ញុំដែរ
22. ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។
23. ពួកគេក៏ចាប់ផ្ដើមសួរដេញដោលគ្នាអំពីអ្នកដែលបម្រុងធ្វើដូច្នេះ។
24. ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
25. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ
26. ប៉ុន្ដែអ្នករាល់គ្នាវិញ មិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ