1. ថ្ងៃមួយនៅពេលព្រះអង្គកំពុងបង្រៀនប្រជាជននៅក្នុងព្រះវិហារ និងប្រកាសដំណឹងល្អនោះ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានក្រោកឈរឡើង
2. ទូលសួរថា៖ «ចូរប្រាប់យើងមក តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?»
3. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំណួរដែរ ចូរប្រាប់ខ្ញុំមក
4. តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស?»
5. ពួកគេក៏ពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
6. ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»
7. ពួកគេក៏ទូលឆ្លើយថា៖ «មិនដឹងមកពីណាទេ»
8. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី»។
9. ព្រះអង្គចាប់ផ្ដើមមានបន្ទូលប្រាប់ប្រជាជនពីរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅអស់រយៈពេលយ៉ាងយូរ។
10. លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីឲ្យពួកគេចែកផលនៃចម្ការទំពាំងបាយជូរដល់គាត់ ប៉ុន្ដែពួកអ្នកចម្ការបានវាយបណ្ដេញបាវនោះឲ្យមកវិញដោយដៃទទេ។
11. គាត់ក៏បន្ដចាត់បាវបម្រើម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានវាយបាវបម្រើនោះ ទាំងប្រមាថទៀតផង ហើយបណ្ដេញឲ្យមកវិញដោយដៃទទេ។
12. គាត់ក៏បន្ដចាត់អ្នកទីបីឲ្យទៅ ប៉ុន្ដែពួកគេបានវាយម្នាក់នេះឲ្យរបួសដែរ ហើយបោះទៅខាងក្រៅ។
13. ម្ចាស់ចម្ការទំពាំងបាយជូរក៏និយាយថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅ ប្រហែលជាពួកគេគោរពកូននេះ។
14. ប៉ុន្ដែកាលពួកអ្នកចម្ការឃើញ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ មរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ។
15. ពួកគេក៏បោះកូនប្រុសនោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។ បន្ទាប់មក តើម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេចចំពោះពួកគេ?