24. កាលព្រះយេស៊ូឃើញគាត់ប្រែជាព្រួយចិត្ដដូច្នេះ ក៏មានបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់
25. ដ្បិតសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត»
26. ពួកអ្នកដែលឮក៏ទូលសួរថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
27. ព្រះអង្គក៏មានបន្ទូលថា៖ «អ្វីៗដែលមនុស្សមិនអាចធ្វើបាន ព្រះជាម្ចាស់អាចធ្វើបាន»។
28. លោកពេត្រុសបានទូលថា៖ «មើល៍ យើងបានលះបង់ទ្រព្យសម្បត្ដិរបស់យើង ហើយដើរតាមលោក»
29. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលលះបង់ផ្ទះសំបែង ប្រពន្ធកូន ឪពុកម្ដាយ បងប្អូនព្រោះយល់ដល់នគរព្រះជាម្ចាស់
30. មិនបានទទួលច្រើនលើសលប់នៅពេលនេះទេ ហើយនៅគ្រាមកដល់ នឹងទទួលបានជីវិតអស់កល្បជានិច្ចទៀតផង»។
31. កាលព្រះអង្គនាំសាវកទាំងដប់ពីរទៅជាមួយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានចែងទុកអំពីកូនមនុស្សនឹងបានសម្រេច។
32. ដ្បិតពួកគេនឹងប្រគល់លោកឲ្យពួកសាសន៍ដទៃដើម្បីឲ្យពួកគេចំអក ធ្វើបាប ស្ដោះទឹកមាត់ដាក់
33. វាយនឹងខ្សែតី ហើយសម្លាប់ ប៉ុន្ដែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។
34. ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដីដែលព្រះអង្គបានមានបន្ទូលទេ។
35. កាលព្រះអង្គយាងជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ
36. ពេលឮបណ្ដាជនកំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វីដែលកើតឡើងនេះ
37. ពួកគេប្រាប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ»