2. ប៉ុន្ដែទាំងពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យបានរអ៊ូរទាំថា៖ «អ្នកនេះស្វាគមន៍ពួកមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»
3. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចនេះថា៖
4. «សន្មតថា មានមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយរយ ហើយចៀមមួយបានវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅវាលស្មៅ រួចទៅតាមរកចៀមមួយដែលបានវង្វេងនោះទាល់តែឃើញទេឬ?
5. ពេលរកឃើញហើយ គាត់ក៏លីវាលើស្មាទាំងអរសប្បាយ។
6. កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំដែលវង្វេងនោះវិញហើយ។
7. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្ដីអរសប្បាយយ៉ាងនោះដែរចំពោះមនុស្សបាបម្នាក់បានប្រែចិត្ដ ជាជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្ដ។
8. ឬសន្មតថា ស្ដ្រីម្នាក់មានកាក់ប្រាក់ដប់កាក់ ប៉ុន្ដែបើនាងធ្វើឲ្យបាត់កាក់មួយ តើនាងមិនអុជចង្កៀង បោសផ្ទះ ហើយរកយ៉ាងល្អិតល្អន់រហូតទាល់តែឃើញវិញទេឬ?
9. ពេលរកឃើញហើយ នាងក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំរកឃើញកាក់ប្រាក់ដែលខ្ញុំបានបាត់នោះវិញហើយ។
10. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
11. ព្រះអង្គមានបន្ទូលទៀតថា៖ «មានបុរសម្នាក់មានកូនប្រុសពីរនាក់
12. កូនប្អូនបាននិយាយទៅឪពុកថា លោកឪពុកអើយ! សូមប្រគល់ទ្រព្យសម្បត្តិជាចំណែករបស់ខ្ញុំឲ្យមកខ្ញុំ រួចឪពុកក៏ចែកទ្រព្យសម្បត្តិឲ្យពួកគេ។
13. ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសប្អូនបានប្រមូលទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួន រួចធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនដោយរស់នៅយ៉ាងលេលា។
14. ពេលគាត់ចាយទ្រព្យសម្បត្ដិរបស់គាត់អស់ហើយ ក៏កើតមានគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត
15. ដូច្នេះគាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់នៅស្រុកនោះ ហើយអ្នកនោះបានចាត់គាត់ឲ្យទៅឃ្វាលជ្រូកនៅឯកសិដ្ឋានរបស់ខ្លួន។
16. គាត់ចង់ចំអែតពោះដោយចំណីជ្រូកដែលជ្រូកកំពុងស៊ីខ្លាំងណាស់ ប៉ុន្ដែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។
17. ពេលគាត់ភ្ញាក់ខ្លួន ក៏និយាយថា អ្នកស៊ីឈ្នួលទាំងឡាយរបស់ឪពុកខ្ញុំមានអាហារបរិបូរ ប៉ុន្ដែខ្ញុំវិញនៅទីនេះឃ្លានជិតស្លាប់ហើយ
18. ខ្ញុំនឹងក្រោកឡើងទៅឯឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក
19. កូនមិនស័ក្តិសមនឹងហៅថាជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យកូនធ្វើជាអ្នកស៊ីឈ្នួលម្នាក់របស់លោកឪពុកផង!
20. រួចគាត់ក៏ក្រោកឡើងត្រលប់ទៅឯឪពុកវិញ កាលគាត់នៅឆ្ងាយនៅឡើយ នោះឪពុករបស់គាត់បានឃើញគាត់ និងមានចិត្ដអាណិតអាសូរជាពន់ពេក ក៏រត់ទៅឱបថើបគាត់។
21. កូនប្រុសនោះប្រាប់ទៅឪពុកថា លោកឪពុកអើយ! កូនបានធ្វើបាបទាស់នឹងស្ថានសួគ៌ ហើយនឹងលោកឪពុក កូនមិនស័ក្តិសមនឹងហៅថាកូនរបស់លោកឪពុកទៀតទេ។
22. ប៉ុន្ដែឪពុកបានប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា ចូរយកអាវដ៏ល្អបំផុតមកបំពាក់ឲ្យកូនរបស់ខ្ញុំជាប្រញាប់ ទាំងបំពាក់ចិញ្ជៀនលើដៃ និងពាក់ស្បែកជើងឲ្យផង