26. ដល់ខែទីប្រាំមួយ ព្រះជាម្ចាស់បានចាត់ទេវតាកាពី្រយ៉ែលឲ្យទៅក្រុងមួយក្នុងស្រុកកាលីឡេដែលមានឈ្មោះថា ណាសារ៉ែត
27. គឺទៅឯស្ដ្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យនឹងបុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជពង្សស្ដេចដាវីឌ ហើយស្ដ្រីព្រហ្មចារីនោះឈ្មោះម៉ារា។
28. កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱនាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។
29. នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះ និងបានរិះគិតអំពីពាក្យជម្រាបសួរនេះថា តើមានន័យដូចម្ដេច។
30. ប៉ុន្ដែទេវតានិយាយទៅនាងថា៖ «ម៉ារាអើយ! កុំខ្លាចអី ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងនាងណាស់
31. មើល៍ នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថាយេស៊ូ
32. កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានបល្ល័ង្ករបស់ស្ដេចដាវីឌដែលជាដូនតាឲ្យទៅព្រះអង្គ
33. រួចព្រះអង្គនឹងគ្រប់គ្រងលើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។
34. ប៉ុន្ដែនាងម៉ារាសួរទៅទេវតាថា៖ «តើការនេះនឹងបានសម្រេចយ៉ាងដូចម្ដេច បើខ្ញុំមិនទាន់ស្គាល់ប្រុសណាផង?»
35. ទេវតាឆ្លើយតបទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយអំណាចនៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល។ ដូច្នេះគេនឹងហៅបុត្រតូចដ៏បរិសុទ្ធដែលនឹងកើតមកនោះថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់
36. ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាងក៏មានគភ៌ជាកូនប្រុសម្នាក់ដែរ ក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ
37. ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។
38. នាងម៉ារាក៏និយាយទៅទេវតាថា៖ «មើល៍ នាងខ្ញុំជាបាវបម្រើរបស់ព្រះអម្ចាស់ សូមឲ្យសម្រេចដល់ខ្ញុំតាមពាក្យសំដីរបស់លោកចុះ!» រួចទេវតាក៏ចាកចេញពីនាងទៅ។
39. នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា
40. រួចនាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី ហើយបានជម្រាបសួរនាងអេលីសាបិត។
41. ពេលនាងអេលីសាបិតបានឮពាក្យជម្រាបសួររបស់នាងម៉ារា ទារកនៅក្នុងផ្ទៃរបស់នាងក៏បំរះឡើង ឯនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
42. រួចនាងក៏ស្រែកដោយសំឡេងខ្លាំងៗថា៖ «អ្នកមានពរណាស់ក្នុងចំណោមពួកស្ដ្រី ឯកូនក្នុងផ្ទៃរបស់អ្នកគឺជាព្រះពរហើយ
43. តើនេះកើតឡើងចំពោះខ្ញុំយ៉ាងដូចម្ដេចហ្ន៎ បានជាមាតារបស់ព្រះអម្ចាស់នៃខ្ញុំមកឯខ្ញុំដូច្នេះ?