រ៉ូម 3:8-19 Khmer Christian Bible (KCB)

8. ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ!​

9. បើ​ដូច្នេះ​ តើ​យើង​ល្អ​ជាង​គេ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថា​ ទោះ​ជា​ជនជាតិ​យូដា​ក្ដី​ ​ជនជាតិ​ក្រេក​ក្ដី​ ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​បាប​ទាំង​អស់​គ្នា​

10. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ​

11. គ្មាន​មនុស្ស​ណា​ម្នាក់​យល់​ គ្មាន​មនុស្ស​ណា​ម្នាក់​ស្វែង​រក​ព្រះជាម្ចាស់​ឡើយ​

12. មនុស្ស​គ្រប់​គ្នា​បាន​វង្វេង​ ហើយ​ត្រលប់​ជា​ឥត​បានការ​ទាំង​អស់​គ្នា​ គ្មាន​អ្នកណា​ម្នាក់​ធ្វើ​ល្អ​ឡើយ​ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ

13. បំពង់‍ក​គេ​ជា​ផ្នូរ​ចំហ​ គេ​ប្រើ​អណ្ដាត​បោក​បញ្ឆោត​ ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់វែក​

14. មាត់​របស់​គេ​ពេញ​ដោយ​បណ្ដាសារ​ និង​សេចក្ដី​ជូរចត់​

15. ជើង​របស់​គេ​រហ័ស​នឹង​បង្ហូរ​ឈាម​

16. ហើយ​ផ្លូវ​របស់​គេ​មាន​តែ​សេចក្ដី​វិនាស​ និង​សេចក្ដី​វេទនា​

17. ហើយ​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ត​ទេ​

18. ​នៅ​ចំពោះ​ភ្នែក​របស់​ពួកគេ​ គ្មាន​ការ​កោតខ្លាច​ព្រះជាម្ចាស់​សោះ»។​

19. យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​

រ៉ូម 3