28. ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។
29. ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងធ្វើអ្វីដែលសព្វព្រះឫទ័យព្រះអង្គ»។
30. ពេលព្រះអង្គកំពុងមានបន្ទូលអំពីសេចក្ដីទាំងនេះ មនុស្សជាច្រើនបានជឿលើព្រះអង្គ។
31. ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ
32. ពេលនោះ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
33. ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «យើងជាកូនចៅរបស់លោកអ័ប្រាហាំ ហើយយើងមិនដែលធ្វើជាបាវបម្រើរបស់អ្នកណាទេ ម្តេចក៏អ្នកនិយាយថា អ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?»
34. ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលប្រព្រឹត្តបាប អ្នកនោះជាបាវបម្រើរបស់បាប
35. ហើយបាវបម្រើមិននៅក្នុងផ្ទះជាប់ជានិច្ចទេ ឯកូនប្រុសនឹងនៅជាប់អស់កល្បជានិច្ច។
36. ដូច្នេះបើព្រះរាជបុត្រាដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមុខជាមានសេរីភាពពិតប្រាកដ
37. ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំ ប៉ុន្ដែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យសំដីរបស់ខ្ញុំមិននៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ។
38. ខ្ញុំនិយាយសេចក្ដីណាដែលខ្ញុំបានឃើញនៅក្នុងព្រះវត្ដមានព្រះវរបិតា ដូច្នេះហើយអ្នករាល់គ្នាក៏ធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុកអ្នករាល់គ្នាដែរ»។
39. ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «លោកអ័ប្រាហាំជាឪពុករបស់យើង» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការរបស់លោកអ័ប្រាហាំ
40. ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាអ្នកបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិតដែលបានឮពីព្រះជាម្ចាស់មក លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ
41. ដូច្នេះអ្នករាល់គ្នាកំពុងធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ» ពួកគេក៏ទូលទៅព្រះអង្គថា៖ «យើងមិនបានកើតមកពីការសាហាយស្មន់ទេ យើងមានឪពុកតែមួយ គឺព្រះជាម្ចាស់»
42. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើព្រះជាម្ចាស់ជាឪពុករបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិតខ្ញុំនៅទីនោះ ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។
43. ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន
44. ហើយអ្នករាល់គ្នាមានឪពុកជាអារក្សសាតាំង អ្នករាល់គ្នាចូលចិត្តធ្វើតាមបំណងឪពុករបស់ខ្លួន ដ្បិតវាជាអ្នកសម្លាប់មនុស្សតាំងពីដើមមក ហើយមិនឈរនៅក្នុងសេចក្ដីពិតទេ ព្រោះវាគ្មានសេចក្ដីពិតក្នុងខ្លួនឡើយ។ ពេលវានិយាយកុហក វានិយាយចេញពីចិត្ដរបស់វា ដ្បិតវាជាមេកុហក ហើយជាឪពុកនៃសេចក្ដីកុហក
45. ដូច្នេះ ដោយសារតែខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាមិនជឿខ្ញុំ
46. តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47. អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។
48. ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»