7. លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ»
8. សិស្សរបស់ព្រះអង្គម្នាក់ឈ្មោះ អនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស បានទូលទៅព្រះអង្គថា៖
9. «នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?»
10. ព្រះយេស៊ូមានបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងឡាយអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើនណាស់ ដូច្នេះ ពួកគេក៏អង្គុយចុះ គឺមានគ្នាប្រហែលប្រាំពាន់នាក់
11. បន្ទាប់មក ព្រះយេស៊ូក៏យកនំប៉័ងមក ហើយអរព្រះគុណ រួចចែកទៅឲ្យពួកអ្នកដែលអង្គុយតាមដែលពួកគេត្រូវការ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ។
12. ពេលពួកគេឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលចំណិតនំប៉័ងដែលនៅសល់ កុំខ្ជះខ្ជាយឡើយ»។
13. ពួកសិស្សក៏ប្រមូលចំណិតនំប៉័ងនៅសល់ពីនំប៉័ងប្រាំដុំដែលបណ្តាជនបានបរិភោគ ហើយពួកគេប្រមូលបានពេញដប់ពីរកន្ត្រក។
14. ពេលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេក៏និយាយថា៖ «លោកនេះពិតជាអ្នកនាំព្រះបន្ទូល ដែលត្រូវមកក្នុងពិភពលោកនេះមែន»។
15. ពេលព្រះយេស៊ូដឹងថា ពួកគេបម្រុងមកបង្ខំព្រះអង្គឲ្យធ្វើជាស្ដេច នោះព្រះអង្គក៏យាងតែម្នាក់ឯងឡើងទៅលើភ្នំវិញ។
16. លុះដល់ពេលព្រលប់ ពួកសិស្សរបស់ព្រះអង្គក៏ចុះទៅមាត់បឹង
17. ក្រោយពីចុះទូកហើយ ពួកគេក៏ឆ្លងបឹងឆ្ពោះទៅក្រុងកាពើណិម រីឯព្រះយេស៊ូមិនទាន់យាងមកឯពួកគេទេ ទោះបីជាងងឹតហើយក្ដី។
18. ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក
19. ហើយពេលចែវទូកបានឆ្ងាយប្រហែលបួន ឬប្រាំគីឡូម៉ែត្រ ពួកគេក៏ឃើញព្រះយេស៊ូយាងដើរលើបឹង ហើយពេលមកដល់ជិតទូក នោះពួកគេភ័យខ្លាចជាខ្លាំង
20. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កុំខ្លាចអី គឺខ្ញុំទេ!»
21. ពេលនោះ ពួកគេក៏ទទួលព្រះអង្គមកក្នុងទូក ហើយទូកក៏មកដល់ដីគោកភ្លាម ជាកន្លែងដែលពួកគេបម្រុងទៅ។
22. នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយម្ខាងនៃបឹងបានដឹងថា នៅទីនោះគ្មានទូកផ្សេងទេ ក្រៅពីទូកមួយនោះ ហើយមានតែពួកសិស្សប៉ុណ្ណោះដែលចេញទៅ រីឯព្រះយេស៊ូវិញ មិនបានទៅជាមួយពួកសិស្សទេ។