29. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នេះជាកិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់ចាត់ឲ្យមក»។
30. ពួកគេក៏ទូលសួរព្រះអង្គទៀតថា៖ «បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់អស្ចារ្យអ្វីដើម្បីឲ្យយើងឃើញ ហើយជឿលោក? តើលោកនឹងធ្វើអ្វី?
31. កាលនៅទីរហោឋាន ដូនតារបស់យើងបានបរិភោគនំម៉ាណា ដូចមានសេចក្តីចែងទុកថា ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ ឲ្យពួកគេបរិភោគ»។
32. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មិនមែនលោកម៉ូសេឲ្យនំប៉័ងពីស្ថានសួគ៌ដល់អ្នករាល់គ្នាទេ គឺព្រះវរបិតារបស់ខ្ញុំទេតើ ដែលបានប្រទាននំប៉័ងដ៏ពិតពីស្ថានសួគ៌ដល់អ្នករាល់គ្នា
33. រីឯនំប៉័ងរបស់ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលយាងចុះពីស្ថានសួគ៌ ហើយប្រទានជីវិតឲ្យ មនុស្សលោក»
34. ពួកគេទូលព្រះអង្គទៀតថា៖ «លោកម្ចាស់អើយ! សូមឲ្យនំប៉័ងនោះមកយើងជារៀងរហូតផង»។
35. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំ មិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿលើខ្ញុំ ក៏មិនស្រេកទៀតដែរ
36. ប៉ុន្ដែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ