យ៉ូហាន 3:3-15 Khmer Christian Bible (KCB)

3. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​

4. លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​

5. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​

6. ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​

7. ដូច្នេះ កុំ​ឆ្ងល់​ឡើយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ត្រូវ​កើត​ជា​ថ្មី​

8. ខ្យល់​បក់​ទៅ​ទី​ណា​តាម​តែ​វា​ចង់​ទៅ​ ហើយ​អ្នក​ឮ​ស្នូរ​របស់​វា​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ វា​មកពី​ណា​ ឬ​ទៅ​ណា​ទេ​ រីឯ​អស់​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នេះ​ដែរ»។​

9. លោក​នីកូដេម​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច?»​

10. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​

11. ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹង​ ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ទទួល​យក​សេចក្ដី​បន្ទាល់​របស់​យើង​ទេ​

12. ដូច្នេះ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​លោកិយ​ អ្នក​រាល់គ្នា​មិន​ជឿ​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​រឿង​ហេតុ​ស្ថានសួគ៌​វិញ​ តើ​អ្នក​រាល់គ្នា​នឹង​ជឿ​យ៉ាង​ដូច​ម្ដេច​បាន?​

13. មិន​ដែល​មាន​អ្នកណា​ធ្លាប់​ទៅ​ដល់​ស្ថានសួគ៌​ទេ​ មាន​តែ​ព្រះអង្គ​ដែល​បាន​យាង​ចុះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ គឺ​ជា​កូន​មនុស្ស​នោះ​ហើយ។​

14. លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​ទីរហោឋាន​យ៉ាងណា​ នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ​

15. ដើម្បី​ឲ្យអស់​អ្នក​ដែលជឿ​លើ​កូន​មនុស្ស​មាន​ជីវិត​អស់កល្ប​​ជានិច្ច​

យ៉ូហាន 3